(អត្ថបទ-រូបភាព ចម្លងទាំងស្រុងពី rfi Khmer)
ការបោះពុម្ពវណ្ណកម្ម ជាក្រដាសនិងជាអក្សរខ្មែរ កើតដំបូងឡើងនៅក្រុងព្រៃនគរ តាមរយៈល្បើកនិរាសរបស់កវី សើន ដៀប ដែលបោះផ្សាយអក្សរខ្មែរ«សរសេរដៃ» ដំណាល់កាលដំបូងគេ។ តែបើនិយាយឱ្យចំ វណ្ណកម្ម ដែលបោះពុម្ព ជា«អក្សរពុម្ពខ្មែរ» ចេញដំបូង គឺនៅឆ្នាំ១៩០៨ គឺនៅក្រោមអាណត្តិត្រួតការរបស់ Adhémard Leclère រ៉េស៊ីដង់បារាំងប្រចាំនៅភ្នំពេញ។ សៀវភៅនោះគឺ«បណ្តាំតាមាស»។
រោងពុម្ព បានចាក់គ្រឹះដំបូងនៅដែនដីឥណ្ឌូចិន គឺជាស្នាដៃរបស់អាជ្ញាធរអាណានិគមបារាំង ដែលជាការឆ្លើយតបនឹងតម្រូវការ ផ្សព្វផ្សាយឯកសារផ្លូវការនានា។ រោងពុម្ពនិងវប្បធម៌បោះពុម្ពផ្សាយ បានជ្រៀតខ្លួនចូលស្រុកខ្មែរហាក់យឺតពេលជាងប្រទេសជិតខាងបន្តិច ពិសេសបើគេធៀបនឹងប្រទេសវៀតណាម។
ការបោះពុម្ពផ្សាយនៅភ្នំពេញ គឺទើបតែចាប់បដិសន្ធិនៅប្រហែលចុងសតវត្សរ៍ទី១៩តែប៉ុណ្ណោះ ហើយគឺគេបោះពុម្ពបានតែពុម្ពអក្សរឡាតាំងទៅទៀត សម្រាប់បោះផ្សាយកាសែតផ្លូវការ ជាភាសាបារាំង ដែលបង្កើតឡើងដោយអាជ្ញាធរអាណាព្យាបាលបារាំង។ កាសែតដំបូងៗនៅភ្នំពេញ មានដូចជាកាសែតបារាំង ឈ្មោះ ឡឺ ប៉ឺទី កាំបូហ្សាំង Le Petit Cambodgien (១៨៩៩-១៩០០) ចេញដោយសរសេរដៃ រួចបានយកទៅផ្តិតបោះពុម្ពចេញជាក្រដាស។ គួរជ្រាបថា គ្មានរោងពុម្ពឯកជនណានៅស្រុកខ្មែរកើតឡើងមុនឆ្នាំ១៩១០ទេ។ នេះបើតាមការកត់សម្គាល់របស់បណ្ឌិត្យសភាចារ្យ ឃីង ហុកឌី។
ក្នុងខ្សែអាត់សំឡេងនេះ បេក្ខជនបណ្ឌិត កែវ ភីរិទ្ធ ដែលកំពុងស្រាវជ្រាវពីអក្សរសិល្ប៍ឥណ្ឌូចិន ពន្យល់ពីភាពយឺតយ៉ាវ ការបោះពុម្ពនៅស្រុកខ្មែរ។ និស្សិតថ្នាក់បណ្ឌិតរូបនេះ ស្រាវជ្រាវនៅមន្ទីរពិសោធន៍ផ្នែកសិក្សាភាសា និង អក្សរសាស្ត្របារាំង (CIELAM-Centre Interdisciplinaire d’Étude des Littératures d’Aix-Marseille) នៃសាលាបណ្ឌិតអ៊ិច-ម៉ាកសីយ៍ ជំនាញភាសា អក្សរសាស្ត្រ និងសិល្បៈ (École Doctorale 354 Aix-Marseille)។
ចំណែក បេក្ខបណ្ឌិត លោក ទុយ ដាណែល សូមពន្យល់ពីឧបសគ្គ ឬការប្រទាញប្រទង់គ្នាក្នុងមជ្ឈដ្ឋានសាសនា ជុំវិញការបោះពុម្ពអត្ថបទនិងគម្ពីធម៌ខ្មែរ។ លោកកំពុងតែងនិក្ខេបបទនៅវិទ្យាស្ថានជាតិភាសានិងអារ្យធម៌បូព៌ាប្រទេស Inalco នៃក្រុងប៉ារីស។
0 Comments