Header Ads Widget

Girl in a jacket

ព្រះរាជជីវប្រវត្តិរបស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្

 


ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ប្រសូត្រទី២៧ ខែធ្នូ ឆ្នាំ១៨៧៥ នៅរាជធានីភ្នំពេញ ព្រះបិតាព្រះនាមស៊ីសុវត្ថិ ក្រោយពេលព្រះមហាក្សត្រនរោត្តម ជាជេដ្ឋា (បង) សោយទិវង្គតក្នុងខែមេសា ឆ្នាំ១៩០៤ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជាអនុជ(ប្អូន) បានឡើងគ្រងរាជ្យបន្ត ។ព្រះមាតាព្រះនាមអ្នកម្នាងវ៉ាន់ ជាត្រកូលប្រជារាស្រ្ត។ ក្រោយមក មានព្រះគោរម្យងារជាព្រះវររាជិនី។ ក្នុងចំណោមបុត្រាបុត្រីរបស់ព្រះមហាក្សត្រស៊ីសុវត្ថិ ជាច្រើន ព្រះស៊ីសុវត្ថិ មុនីវង្ស ជាបុត្រាទី៦ និងបុត្រាទី២ ក្នុងចំណោមបុត្រាទាំងអស់។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស

កាលនៅជាយុវវ័យ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានទៅសិក្សានៅសាលាកងទ័ពសាំង ម៉េហ្សង់(Saint Maixent) ប្រទេសបារាំង។ ក្រោយបញ្ចប់ការសិក្សានៅទីនោះរយៈពេល២ឆ្នាំ ព្រះអង្គបានទទួលឋានន្តរស័ក្កិជាអនុសេនីយ៍ត្រី (សក្តិ១) នៅក្នុងជួរកងទ័ពបារាំង ហើយត្រូវបញ្ជូនទៅនៅទីក្រុងប្រីវ (Brive)និងបន្ទាប់មកទៀត នៅទីក្រុងប៉ារីស។
នៅក្នុងឆ្នាំ១៩០៩ ព្រះអង្គត្រូវបារាំងបញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ និងបានឡើងឋានន្តរសក្កិជា អនុសេនីយ៍ទោ (សក្តិ២) ។ នៅក្នុងឆ្នាំ ១៩១០ បានឡើងឋានន្តរសក្កិជា ជាអនុសេនីយ៍ឯក (សក្តិ៣) ។ នៅឆ្នាំ១៩១៦ ជាមេបញ្ជាការវរសេនាតូច ក្នុងឆ្នាំ១៩២២ ដែលជាឆ្នាំកំណើតរបស់សម្ដេចព្រះនរោត្តម សីហនុ ជាព្រះនត្តា (ចៅ)ផងដែរ។
នៅក្នុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញកាតព្វកិច្ចយោធាយ៉ាងសកម្ម ហើយទទួលបានមេដាយកិត្តិយសនិងមានគោរម្យងារ ជាសម្ដេចព្រះកែវ ជហ្វា ។ បន្ទាប់មកព្រះអង្គបានទទួលតំណែងជាអគ្គលេខានៃក្រុមប្រឹក្សារដ្ឋមន្ត្រី និងជាអធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស។
ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ពេលយាងទៅប្រទេសបារាំង

នៅក្នុងឆ្នាំ១៩២៧ ព្រះបិតាទ្រង់បានសោយព្រះទិវង្គត ព្រះបាទស៊ីសុវត្ថិ មុនីវង្សបានឡើងសោយរាជ្យនៅថ្ងៃទី៩ ខែសីហាឆ្នាំ១៩២៧ ក្នុងព្រះជន្ម៥២ព្រះវស្សា។ ដូចជាព្រះបិតុលា មហាក្សត្រនរោត្តម និងព្រះបិតាព្រះអង្គម្ចាស់ស៊ីសុវត្ថិ របស់ទ្រង់ដែរ ព្រះបាទមុនីវង្ស គឺជាបដិទាននាម ឬជាបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់តែគ្មានអំណាចនៃរដ្ឋបាលបារាំង និងដែលអំណាចពេញលេញនោះស្ថិតក្នុងកណ្តាប់ដៃនៃអគ្គទេសាភិបាលបារាំង ឯណោះ។

ក្បួនដង្ហែព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស

ព្រះបាទមុនីវង្ស មានព្រះអគ្គមហេសី និងព្រះជាយាចំនួន១៦អង្គ ទាំងស្នំផ្សេងៗជិត៥០នាក់ទៀត ហើយនៅក្នុងចំណោមស្នំទាំងនោះ ស្រ្តីជាអ្នករបាំព្រះរាជទ្រព្យម្នាក់ ក៍បានក្លាយជាស្នំឯក និងមានងារជា “ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ”ផងដែរ ។ នៅក្នុងឆ្នាំ១៩៣៤ ឬ១៩៣៥ អ្នកម្នាងមាឃ បានយកប្អូនជីដូន ពីរនាក់ ម្នាក់ឈ្មោះ សាឡុត សួង និងម្នាក់ទៀតឈ្មោះ”សាឡុត ស” ដែលក្រោយដូរឈ្មោះជាប៉ុល ពត ដែលកាលនោះទើបមានអាយុប្រហែល១០ឆ្នាំ បានមករស់នៅជាមួយ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស កាលរៀននៅប្រទេសបារាំង

ក្រោយមក បងប្រុសច្បងរបស់ សាឡុត ស ឈ្មោះ សាឡុត សួង ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងដែរ ហើយមិនយូរប៉ុន្មាន អ្នកម្នាងមាឃ ក៍បានយកបងស្រីរបស់ សាឡុត ស ម្នាក់ទៀតឈ្មោះ សាឡុត សារឿន ឲ្យមកបម្រើការក្នុងក្រុមរបាំព្រះរាជទ្រព្យ ហើយបានក្លាយជាស្នំឯករបស់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដូច អ្នកម្នាងមាឃ ដែរ។
ព្រះអគ្គមហេសី និងព្រះជាយាចំនួន១៦អង្គ និងព្រះរាជបុត្រាបុត្រីចំនួន២៤អង្គ (មិនគិតពីស្នំ) របស់ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស រួមមាន៖
១.សម្តេចព្រះអគ្គមហេសី នរោត្តម កាញ្ចនវិមាន នរល័ក្ខណទេវី ៖ មានបុត្រាបុត្រី៤អង្គ គឺ៖ ១.សម្តេចបុត្រីព្រះរៀម ស៊ីសុវត្ថិ ថាវេតរុង្ស៊ី នារីវង្ស (៣០ មីនា ១៨៩៩-១៩៧៥) ២.សម្តេចបុត្រី ស៊ីសុវត្ថិ កុសុមៈ នារីរត្នន៍ សិរីវឌ្ឍនា (០៩ មេសា ១៩០៤-២៨ មេសា ១៩៧៥) ជាមាតាព្រះនរោត្តម សីហនុ ៣.សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត (២៥ វិច្ឆិកា ១៩០៩-១៩៧៥?) ៤.សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស (២៥ សីហា ១៩១២-៣១ សីហា ១៩៥៦)។
២.អ្នកអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ ស៊ីសុដា ៖ មានបុត្រីមួយអង្គ គឺព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ សុដារង្សី (១៣វិច្ឆិកា ១៩០៣ – ១៩៧៥)
៣. អ្នកម្នាង គឹម ហូ ៖ មានបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីជាតិ (៨តុលា១៩២២ – ១៩៧៥)
៤.ឃុនព្រះមែនាង សុវត្ថិឆោមនរលក្ខ័ មាឃ ៖ មានបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុសរក្ស (២១ឧសភា ១៩២៦ – ១៩៧៥)
៥.ឃុនព្រះម្នាង បុប្ផានរក្ខ័បវរ សៅខន ៖ មានបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សដារ៉ាក់ (៣១កក្កដា១៩២៨ – ១៩៧៥)
៦.ឃុនព្រះម្នាង អនង្គលក្ខិណា បាន យ៉េន ៖ មានបុត្រីមួយអង្គ ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ វង្សមុនី (២២កុម្ភៈ ១៩២៩-១៩៧៥)
៧.ឃុនព្រះម្នាង បុប្ផានរល័ក្ខ យិន តាត ៖ មានបុត្រាបុត្រី៤អង្គ គឺ១.ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីកេសន (០៦ មេសា ១៩២៩-១៩៤៦) ក្រោយមក ក្លាយជាមហេសីរបស់សម្ដេចព្រះនរោត្តម សីហនុ ២.ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សាមានវរពង្ស (១៣ មេសា ១៩៣១-១៩៧៥) ៣.ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វង្សជីវន្ត័ (១៥ មិថុនា ១៩៣៣-១៩៧០) ៤.សម្តេច ស៊ីសុវត្ថិ ជីវន្ត័មុនីរក្ស (០១ កុម្ភៈ ១៩៣៦-២៨ ធ្នូ ២០១៦) ក្រោយមក ក្លាយជាកូនប្រសារបស់សម្ដេចព្រះនរោត្តម សីហនុ (ស្វាមីបុត្រី បុប្ផាទេវី)។
៨.ឃុនព្រះម្នាង កេសរមាលី ណាត ៖ មានបុត្រាបុត្រី២អង្គ គឺ១.ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ ពង្សានមុនី (២៦មិថុនា ១៩២៩ – ១៩៧៤)ក្រោយមក ក្លាយជាមហេសីរបស់សម្ដេចព្រះនរោត្តម សីហនុ ២.ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីលក្ខណា (១១មិថុនា១៩៣១ -១៩៧១)។
៩.ឃុនព្រះម្នាង នារីកេសរ យឹង ត្រយ៉ង់ ៖ មានបុត្រាបុត្រី២អង្គ គឺ១.ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ រិន្រ្ទមុនី (៨មករា ១៩៣០ -១៩៨៤ ) ២.ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីជីវ័ន្ត (២៩តុលា ១៩៣២ – ១៩៧៥)
១០.ឃុនព្រះម្នាង នារិន្រ្ទកេតសរ អុល ៖ មានបុត្រីមួយអង្គ គឺព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ រត្នន៏មុនី (២មករា ១៩៣១ – ១៩៧៥)
១១.អ្នកម្នាង បវរមាលី ពាង ៖ មានបុត្រីមួយអង្គ ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ សាម៉ានរក្ស (៩ឧសភា១៩៣០ – ១៩៧៥)
១២.អ្នកម្នាង នារីបុប្ផា ភាព ៖ មានបុត្រីមួយអង្គ ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ សុភាពនារី (៣តុលា ១៩៣១ – ១៩៧៥)
១៣.អ្នកម្នាង កានីន ៖ មានបុត្រីមួយអង្គ គឺព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ ភួងមុនី (១៦មេសា១៩៣២ – ១៩៧៥)
១៤.អ្នកម្នាង ឆវីកេសរ សាមូ៖ មានបុត្រីមួយអង្គ គឺព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ លោមាកេសរ (៣តុលា ១៩៣២ – ២០០៦)
១៥.អ្នកម្នាង ម៉ម ឌួងមុនីរក្ស អុស ៖ មានបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងជីវិន (២១ឧសភា ១៩៣៣ -១៩៧៥)
និង១៦.ព្រះអង្គម្ចាស់ក្សត្រីយ៏ ស៊ីសុវត្ថិ នារីពុំងា (១០កញ្ញា១៩៣៥-….?)។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស

ព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានសោយទិវង្គត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅព្រះរាជដំណាក់នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ព្រះបរមបច្ឆាមរណនាមព្រះអង្គគឺ “”ព្រះករុណាព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ””។
ក្រោយពីព្រះអង្គសោយទិវង្គតភ្លាម នៅលើកំពូលភ្នំបូកគោ ព្រះរាជវង្សានុវង្សទាំងអស់ នាំគ្នាក្រាបបង្គំព្រះបាតព្រះបរមសព។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាបុត្រច្បង និងជារាជទាយាទ ដែលត្រូវឡើងស្នងរាជ្យបន្ត និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ជាបុត្រីសំណព្វ ទ្រង់ព្រះកន្សែងជាប់ និងមមាញឹកក្នុងការចាត់ចែងដឹកព្រះបរមសព មកទីក្រុងភ្នំពេញ ទាំងយប់។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ពេលយាងទៅប្រទេសបារាំង

តើទំនៀមទម្លាប់ពីបុរាណមក ប្រសិនបើព្រះមហាក្សត្រ មិនបានសោយទិវង្គតនៅលើទីលានសមរភូមិប្រយុទ្ធជាមួយនឹងខ្មាំងសត្រូវទេ ព្រះអង្គត្រូវតែសោយរាជ្យទីវង្គតនៅក្នុងប្រសាទវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។តែពេលនេះព្រះមហាក្សត្របានសោយទិវង្គត នៅក្នុងព្រះរាជដំណាក់នៅលើកំពូលភ្នំបូកគោទៅហើយ។
ក្រោយពីគ្រងព្រះពស្ត្រថ្វាយព្រះបរមសពរួច គេបានលើកព្រះសពដាក់ចូលទៅក្នុងបាំងក្រោយរបស់រថយន្តស៊ីត្រូអែន ដែលជាព្រះរាជទីនាំងផ្ទាល់របស់ព្រះអង្គ ហើយព្រះអង្គម្ចាស់នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ ព្រមទាំងយុវអង្គម្ចាស់នរោត្តម សីហនុ បើករថយន្តមួយជាប់ពីក្រោយព្រះទីនាំងដឹកព្រះបរមសពនោះ។ ចំណែករថយន្តព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស នៅក្រោយគេ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ពេលសោយទិវង្គត

វីធីដឹកព្រះបរមសព បានគោរពតាមច្បាប់នៃព្រះរាជពិធីការយ៉ាងត្រឹមត្រូវ។ វេលាម៉ោង១ រំលងអធ្រាត្រ ក្បួនដង្ហែបានចូលមកដល់រាជធានី ក្នុងសភាពស្ងាត់ជ្រងំ ដោយប្រជារាស្តមិនបានដឹងថាព្រះមហាក្សត្រខ្លួនបានសោយទីវង្គតឡើយ។ រហូតដល់ថ្ងៃបន្ទាប់ ទើបដំណឹងដ៏ក្រៀមក្រំនេះចាប់ផ្ដើមសាយភាយទូទាំងប្រទេស។
ពិធីតម្កល់ព្រះបុរមសព្វត្រូវធ្វើឡើងរយៈពេល៣ខែ ដោយមានព្រះសង្ឃចំនួន ៦៤អង្គ ត្រូវនឹងព្រះជន្ម ៦៤វស្សារបស់ព្រះអង្គ និមន្តមកសូត្រធម៌ ដើម្បីឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធជារៀងរាល់ថ្ងៃ។

ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស និងមន្ត្រីជាន់ខ្ពស់បារាំង

ព្រះមេរុកម្ពស់ ៧ជាន់មានកំពូលស្រួចដណ្ដប់ទៅដោយក្បូរក្បាច់រចនាធ្វើពីឈើពិសេសម្យ៉ាង យកមកពីប្រទេសឥណ្ឌា ត្រូវបានសាងសង់ឡើងដើម្បីជាព្រះកិត្តិយសដល់ព្រះបរមសព។
បើទោះបីជាព្រះរាជបុត្រាព្រះបាទមុនីវង្សគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជារាជទាយាទត្រូវឡើងគ្រងរាជសម្បត្តិបន្តក៍ដោយ ក៍អាជ្ញាធរបារាំងបានសម្រេចជ្រើសរើសព្រះរាជនត្តា(ចៅ)របស់ព្រះអង្គ និងជាព្រះរាជបុត្រនៃអ្នកអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈ និងព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺយុវព្រះអង្គម្ចាស់ នរោត្តម សីហនុ អោយស្នងព្រះរាជបល្ល័ង្គបន្ត ទៅវិញ៕

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស និងបិតា ព្រះមហាក្សត្រ ស៊ីសុវត្ថិ

ចម្លងពី: KBN.NEWS

Post a Comment

0 Comments