Header Ads Widget

Girl in a jacket

ការប៉ុនប៉ងចង់បានប្រាសាទបុរាណខ្មែរពីសំណាក់សៀម (ថៃ)

 


តាមពិតព្រឹត្តិការណ៍នេះកើតឡើងរៀងរាល់២សតវត្សម្តង?

***លើកទី១នៅសតវត្សទី១៧ ព្រះបាទប្រាសាទថង បញ្ជាអោយស្ថាបនិកមកចម្លងបែបពីប្រាសាទខ្មែរទៅសាងនៅឯជាយក្រុង តែហាក់សាងពុំបានសម្រេច។

***លើកទី២នៅសតវត្សទី១៩ ព្រះបាទរាមាទី៤ សព្វព្រះទ័យអោយ មន្ត្រីមករុះរើរប្រាសាទខ្មែរ តែពុំបានសម្រេចទើបបញ្ជាអោយជាងមកវាស់ខ្នាតសង់ចម្លងជាខ្នាតតូចជំនួសវិញ។

***លើកទី៣គម្រោងសាងសង់ ប្រាសាទអង្គរវត្តចម្លងធំជាងគេលើពិភពលោកនៅ វត្តភូម៉ានហ្វា ផាយ៉ាឆាងយ៉ៃ តែត្រូវបានទទួលប្រតិកម្មពីមហាជនខ្មែរ ។




***លើកទី១

#ប្រាសាទនគរហ្លួងការចម្លងស្ថាបត្យកម្មអង្គរនៅចុងសម័យអយុធ្យារបស់សៀម #និងការបន្លំប្រវត្តិសាស្ត្រ

       ព្រះចៅប្រាសាទថង(គ្រងរាជ្យ១៦៣០-១៦៥៦) ជាអតីតសេនាបតីធំតាំងតែសម័យព្រះចៅទ្រង់ធម៌ រហូតដល់សម័យព្រះចៅអាទិត្យវង្ស ក្សត្ររាជវង្សទី៣នៃក្រុងអយុធ្យា។ តែដោយហេតុការណ៍វិបត្តិផ្ទៃក្នុងជាច្រើនប្រការក្នុងនគរសៀម ទើបព្រះចៅប្រាសាទថងបានសម្រេចចិត្តដណ្ដើមរាជ្យសម្បត្តិ ហើយតាំងរាជវង្សថ្មី(រាជវង្សប្រាសាទថង) នៃក្រុងអយុធ្យាចាប់តាំងពីឆ្នាំ១៦៣០មក។ ដោយសារបញ្ហាព្រះអង្គជាស្តេចជ្រែករាជ្យនិងមិនមានសាច់ជាលោហិតជារាជវង្សសោះ ដូចនេះដើម្បីពង្រឹងអំណាចនិងបង្ហាញភាពស្របច្បាប់នៃការឡើងគ្រោងរាជ្យរបស់ខ្លួន ព្រះអង្គបានព្យាយាមជាច្រើនលើកជាច្រើនសារក្នុងការភ្ជាប់ខ្លួនទៅនឹងមហាអាណាចក្រខ្មែរ តាមរយៈការសង់សំណង់ធំ ទាំងព្រះរាជវាំង សំំណង់សាសនាចម្លងបែបស្ថាបត្យកម្មក្រុងអង្គរ។ ការសាងសំណង់ធំៗដូចដែលក្សត្រខ្មែរបុរាណធ្លាប់ធ្វើនោះគឺ ក៏ដើម្បីជាការបង្ហាញដែរថា ព្រះអង្គជាក្សត្រដែល មានភាពស្របច្បាប់ក្នុងការគ្រប់គ្រងអំណាច មានបុណ្យបារមីលើសអស់ក្សត្រអយុធ្យាពីជំនាន់មុន ដែលទ្រង់អាចកសាងនូវសំណង់ដ៏ អស្ចារ្យដែលមនុស្សជំនាន់នោះសឹងពុំជឿថាជាស្នាដៃមនុស្ស។  នៅឆ្នាំ១៦៣១ មួយឆ្នាំបន្ទាប់ពីការឡើងគ្រងរាជ្យ ព្រះចៅប្រាសាទថងបានបញ្ជាអោយមន្ត្រីទៅចម្លងបែបពីប្រាសាទនៅតំបន់អង្គរ ដែលពួកសៀមកាលនោះហៅប្រាសាទនេះថា ប្រាសាទក្រុងកម្ពុជប្រទេស ដើម្បីជាកិត្តិយសដល់អាណាចក្រសៀមកាលនោះ ។ ដោយបានជ្រើសទីតាំងនៅជាយក្រុងអយុធ្យា ដើម្បីកសាងប្រាសាទតូចមួយដែលមានលក្ខណៈស្រដៀងទៅនឹងប្រាសាទនៅក្រុងអង្គរ ហើយប្រសិទ្ធិនាមថា ប្រាសាទព្រះនគរហ្លួង។ ប្រាសាទនគរហ្លួងនេះជាប្រាសាទសាងអំពីឥដ្ឋមានរាងចតុកោណកែងស្ទើការ៉េ ចែកចេញជា៣ជាន់ ជាន់ទីមួយមានទំហំ៨១×៩៤ ម៉ែត្រ កំពស់៤ម៉ែត្រពីដី  ជាន់ទី២មានទំហំ៦៧×៧៥ម៉ែត្រ និងជាន់ទី៣មានទំហំ៤៦×៤៨ ម៉ែត្រ មានកំពូលប្រាង្គសរុប២៩កំពូល។ ដោយពិនិត្យតាមរយៈបែបផែនសំណង់ប្រាសាទនគរហ្លួងដែលនៅសេសសល់បច្ចុប្បន្នគេយល់ថាប្រាសាទនេះអាចសាងសង់ដោយយកគំរូរតាមប្រាសាទអង្គរវត្តឬប្រាសាទបាពួន(ប្រាសាទនគរហ្លួងនេះសាងលើខឿនខ្ពស់ដូចប្រាសាទបាពួនដែរ) ។ តែថាយើងមិនអាចដឹងថាមូលហេតុអ្វីទើបការសាងសង់ប្រាសាទនេះពុំបានរួចស្រេចតាមព្រះបំណងរបស់ព្រះចៅប្រាសាទថងឡើយ អាចដោយសារតែប្រាសាទនេះស្ថិតនៅក្រៅតំបន់ក្រុងស្រីអយុធ្យាពេក ឬដោយសាកាលណោះមានការសាងសង់សំណង់ចម្លងតាមស្ថាបត្យកម្មខ្មែរច្រើននៅក្នុងបរិវេណក្រុង ទើបបានជាប្រាសាទនេះមិនអាចសម្រេចរួចរាល់បាន ហើយបន្សល់នៅសំណល់បាក់បែករហូតមកដល់សម័យក្រុងបាងកក។ មកសល់សម័យព្រះចៅរាមាទី៥ ព្រះអង្គបានមានព្រះបញ្ជាអោយមានការជួសជុលនិងសាងសង់បន្ថែមនៅលើប្រាសាទនេះដូចដែលយើងឃើញសព្វថ្ងៃ ដោយមានការផ្លាស់ប្តូរប្រាង្គកណ្ដាលជាបែបកំពូលបុស្បុកខ្ពស់វិញ។ មានរឿងរ៉ាវរបស់ប្រាសាទនគរហ្លួងដែលគួរអោយចាប់អារម្មណ៍មួយទៀតក្រៅពីការចម្លងបែបស្ថាបត្យកម្មខ្មែរនោះគឺ ការដែលប្រទេសថៃព្យាយាមអះអាងថា ការកសាងប្រាសាទនគរហ្លួងនេះគឺដើម្បីរំលឹកដល់ជ័យជំនះរបស់អយុធ្យាលើអាណាចក្រខ្មែរ ហើយការសាងសង់ប្រាសាទនេះគឺបង្ហាញពីអំណាចនិងភាពអស្ចារ្យរបស់អាណាចក្រអយុធ្យាដែលអាចវាយខ្មែរដាក់ជាចំណុះឡើងវិញនៅរាជសម័យព្រះចៅប្រាសាទថង ។ ដូចនេះនៅពេលយើងព្យាយាមស្វែងរកឯកសារនានារបស់ប្រាសាទនគរហ្លួងនេះ តាមរយៈគេហទំព័រនានា រហូតដល់គេហទំព័រក្រសួងថៃ ឬសួរមគ្គុទ្ទេសក៍ក្នុងតំបន់ គេតែងសម្អាងថាការកសាងប្រាសាទនេះគឺដោយសារជាការរំលឹកជ័យជម្នះដែលសៀមបានឈ្នះមកលើខ្មែរ។ ប៉ុន្តែបើយើងសិក្សាអោយលម្អិតទៅតាមរយៈឯកសារប្រវត្តិសាស្ត្រនិង ព្រះរាជពង្សាវតារនានារបស់សៀម យើងរកឃើញថា ក្នុងឯកសារទាំងនោះមិនដែលបាននិយាយពីរឿងនេះទេ ព្រះចៅប្រាសាទថងក៏មិនដែលនឹងធ្វើសឹកសង្គ្រាមជាមួយក្រុងកម្ពុជាដែរ។ ហើយបើក្រឡេកមកមើលឯកសារប្រវត្តិសាស្ត្រខាងកម្ពុជាវិញ ឃើញថានៅសម័យរជ្ជកាលព្រះចៅប្រាសាទថងនោះ ព្រះបាទធម្មរាជាទី២ ព្រះមហាក្សត្រក្រុងឧដុង្គថែមទាំងបានលើកទ័ពទៅវាយនិងគៀរគ្រួនៅខេត្តនគររាជសីមាទៀតផង។ ចាប់តាំងពីពីរជ្ជកាលព្រះចៅទ្រង់ធម៌មក នគរសៀមមិនដែលធ្វើសង្គ្រាមឈ្នះខ្មែរទេ ហើយរហូតមករជ្ជកាលព្រះចៅប្រាសាទថងយើងឃើញថាព្រះអង្គបញ្ជាអោយសាងប្រាសាទបែបខ្មែរភ្លាមពេលបានឡើងគ្រងរាជ្យសម្បត្តិ ដូចនេះមិនមានពេលឯណានឹងធ្វើព្រះរាជសង្គ្រាមទេ (មានការសន្និដ្ឋានថា នៅក្នុងរជ្ជកាលព្រះចៅទ្រង់ធម៌ ព្រះចៅប្រាសាទថងក្នុងឋានៈជាមេទ័ពក៏បានទៅចូលរួមចម្បាំងនៅនគរខ្មែរដែរ តែជាអកុសលត្រូវបានទ័ពព្រះបាទជ័យជេដ្ឋាទី២ វាយរាបទាប ទទួលការចាញ់យ៉ាងដំណំ។ គេគិតថាប្រហែលជាកាលនោះ ព្រះចៅប្រាសាទថងនេះប្រាកដជាបានទៅទស្សនា ស្ថាបត្យកម្មនៅតំបន់អង្គរ ហើយជាប់ដិតអារម្មណ៍ រហូតដល់បញ្ជាអោយជាងទៅចម្លងប្លង់មកសាងសង់តាមនៅពេលទ្រង់ជ្រែករាជ្យបានសម្រេច)។ ដូចច្នោះហើយរឿងរ៉ាវទាំងឡាយដែលលើកឡើងថា ការកសាងប្រាសាទនេះដើម្បីរំលឹកជ័យជម្នះលើខ្មែរគឺជារឿងភូតកុហកទាំងស្រុង មិនអាចយកជាការណ៍បានទេតាមរយៈភស្តុតាងឯកសារប្រវត្តិសាស្ត្រប្រទេសទាំងពីរ។ ហើយយើងក៏មិនអាចដឹងដែរថាការប្រឌិតរឿងទាំងនេះត្រូវធ្វើឡើងក្នុងមូលហេតុណាមួយឡើយ ព្រោះរឿងរ៉ាវក្លែងក្លាយទាំងនេះត្រូវ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅហើយ។


***លើកទី២

#ព្រះចៅរាមាទី៤បំណងប្រាថ្នារើប្រាសាទខ្មែរទៅកាន់នគរសៀមនិងការកសាងប្រាសាទអង្គវត្តចម្លង

កាលពីឆ្នាំ១៨៦០ ព្រះចៅរាមាទី៤នៃប្រទេសសៀម បានមានព្រះបំណងក្នុងការរុះរើប្រាសាទក្នុងតំបន់អង្គរ (កាលណោះតំបន់អង្គរស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមចាប់តាំងពីរជ្ជកាលព្រះអង្គអេងមក) មកកាន់ក្រុងទេពដើម្បីជាកិត្តិយសនៃអាណាចក្រសៀម។ ទើបត្រាស់បង្គាប់អោយព្រះសុពណ៌ពិសាល និងឃុនជាតិវិជា ចេញទៅធ្វើការត្រួតពិនិត្យដើម្បីនឹងរើរប្រាសាទថ្មមកកាន់នគរសៀម។ លុះស្រេចការហើយ ព្រះសុពណ៌ពិសាល ឃុនជាតិវិជា បានត្រលប់មករាយការណ៍វិញថា បានធ្វើដំណើរទៅពិនិត្យវាជាច្រើនកន្លែងហើយ សុទ្ធសឹងតែជាប្រាសាទមានទំហំធំមិនអាចនឹងរុះរើងាយៗទេ  តែនៅខេត្តសៀមរាបមានប្រាសាទតាព្រហ្ម២កន្លែង មានកំពស់ត្រឹមតែ៦ព្យាម(១២ម៉ែត្រ)ប៉ុណ្ណោះ ឃើញថាអាចនឹងរើមកបាន (តាមយោបល់ស្មេរ គួរតែជាប្រាសាទតាព្រហ្មកិល)។ ទើបព្រះអង្គប្រោសអោយកេណ្ឌអ្នកស្រុកបាត់ដំបង សៀមរាប ភ្នំស្រុក ជាកម្មករអោយព្រះពិសាល ទៅរើប្រាសាទតាព្រហ្មមក ដោយបែងចែកកម្លាំងពលជា៤ក្រុម ១ក្រុមមាន៥០០នាក់។

ក្រោយមកចៅពញាអភ័យភូបេស្ស នង បានអោយពញាអានុភាពត្រៃភព ចៅហ្វាយខេត្តសៀមរាប មកក្រាបបង្គំទូលថា បានកេណ្ឌមនុស្សអោយព្រះសុពណ៌ពិសាល តាមព្រះបញ្ជាហើយ តែនៅពេលតាំងពិធីពលីបួងសួងដើម្បីរុះរើនៅថ្ងៃសៅរ៍ទី២៥ ខែមេសា ឆ្នាំ១៨៦០ ស្រាប់តែមានពលរដ្ឋខ្មែរប្រមាណ ៣០០នាក់ ចេញមកពីព្រៃចូលមកវាយប្រហារក្រុមអ្នករើប្រាសាទ ដោយបានសម្លាប់ព្រះសុពណ៌ពិសាល ព្រះវាំង ព្រមទាំងកូនប្រុសរបស់ព្រះសុពណ៌ពិសាលស្លាប់ទាំង៣នាក់ ព្រះមហាតថៃ ព្រះយុកក្រប័ត្រ និងអ្នកដ៏ទៃទៀតបានទទួលរងរបួស តែពួកខ្មែរដែលត្រូវកេណ្ឌមករើប្រាសាទមិនមានអ្នកណាទទួលរងគ្រោះថ្នាក់ឬរងការវាយប្រហារទេ។ ចំណែកខ្មែរដែលមកវាយប្រហារបន្ទាប់ពីវាយប្រហាររួចក៏ត្រឡប់ចូលទៅក្នុងព្រៃអស់ទៅ។  ទ្រង់ជ្រាបរឿងហេតុហើយក៏បញ្ជាអោយចៅពញាអភ័យភូបេស្ស ទៅរើប្រាសាទតាព្រហ្ម( យោបល់ស្មេរ ក្នុងន័យនេះអាចជាផ្នែកណាមួយនៃប្រាសាទតាព្រហ្ម ឬសាលាសំណាក់ អរោគ្យសាលា ដែលមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្មកិល) មួយទៀតអោយទាល់តែបាន ហើយអោយស៊ើបរកក្រុមអ្នកវាយប្រហារផង ។ ក្រោយមកក្រុមសេនាបតីសៀម ក៏បានបង្គំទូលថា ប្រាសាទថ្មនៅស្រុកខ្មែរហ្នឹង ព្រះមហាក្សត្រតាំងតែពីសម័យបុរាណបានសាងសង់មករាប់រយរាន់ពាន់ឆ្នាំមកហើយ ដើម្បីជាកិត្តិយសនៃដែនដីព្រះមហានគរ ប្រសិនបើទៅរើយកមក មនុស្សសម័យនេះក៏មិនមានបញ្ញានឹងលើកថ្មដែលធំដូចនេះបានឡើយ ឬលើកយកមកហើយក៏នឹងមិនអាចរៀបធ្វើថ្មីបាន ឬក៏អាចនឹងមានហេតុការណ៍ប្រទូស្តកើតឡើងដូចលើកនេះទៀត ក៏ជាការធ្វើឱ្យខូចព្រះកិត្ដិយស ទើបបង្គំទូលអោយទ្រង់បញ្ឈប់ព្រះបំណងជាការប្រសើរជាង និងស្វែងរកក្រុមជនដៃដល់មកដាក់ទោសអោយទាល់តែបាន។

ព្រះចៅរាមាទី៤ ទ្រង់ពិចារណាតាមការបង្គំទូលរបស់ក្រុមសេនាបតីហើយ ទើបមានព្រះបញ្ជាអោយបញ្ឈប់ការរុះរើប្រាសាទ តែព្រះអង្គមិនបោះបង់ព្រះបំណងព្រះអង្គទើប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៨ ព្រះចៅរាមាទី៤ បានបញ្ជាអោយពញាសាមភពផាយ ទៅធ្វើការចម្លងប្លង់ ប្រាសាទអង្គរវត្តដើម្បីមកសាងជាប្រាសាទចម្លងនៅវត្តព្រះកែវមរកតក្រុងបាងកក តែការកសាងពុំទាន់បានសម្រេច ជាអកុសលព្រះអង្គក៏ចូលទិវង្គតមុនទៅ។ លុះត្រាមកដល់រាជ្យព្រះចៅ រាមាទី៥ ទើបទ្រង់បញ្ជាអោយពញាពេជ្រពិជ័យ ចេញប្លង់ប្រាសាទអង្គរវត្តចម្លង ហើយបញ្ជាអោយអ្នកអង្គម្ចាស់ប្រាវិត ឈុំសាយ សាងដោយស៊ីម៉ង់ត៍តាមបែបប្លង់រហូតសម្រេចនៅឆ្នាំ១៨៨២ ទាន់ស្រេចពិធីសម្ពោធព្រះនគរក្រុងបាងកកគ្រប់១០០ឆ្នាំ។ ហេតុនេះហើយបានជាមានប្រាសាទអង្គវត្តចម្លង នៅក្នុងបរិវេណព្រះវិហារព្រះកែវមរកតស្រុកសៀម រហូតមកទល់បច្ចុប្បន្ន។


***លើកទី៣

#ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ🇹🇭

🇹🇭នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ( Sihanakorn Temple - ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ដែលបានសាងសង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ  មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០  ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតអោយមានការសាងសង់ចម្លងតាមបែបនេះបានទេ។ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ រួម​ទាំង​កុងស៊ុលកម្ពុជា​ប្រចាំ​នៅប្រទេសថៃ កំពុង​ស្រាវជ្រាវ​លើករណីការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ BTV ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូច​អង្គរវត្ត​របស់​កម្ពុជាកំពុងសាងនៅទឹកដីថៃការសាង​សង់ប្រាសាទដែល​ចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្ត​បុរីរ៉ាំ ប្រទេសថៃ។លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់​បន្ថែមថា ក្រសួង​បាន​ទាក់ទង​ទៅកុងស៊ុល កម្ពុជាប្រចាំ​នៅទី​នោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ។ ដោយឡែកពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា ជា​ជំហាន​ដំបូង​ភាគី​ខាង​បច្ចេកទេស​ក្រសួង រួម​ជាមួយ​អ​ជ្ញា​ធរ​អប្សរា​បាន និង​កំពុង​ស្វែ​ករក​ព័ត៌មាន​បន្ថែម​ជា​មុន​សិន​។លោក​បញ្ជាក់​ថា ដំបូង​យើ​ងបានដឹង​ថា ភាគី​ថៃ​បាន​កសាង​ប្រាសាទ​ដែល​មាន​កំពូល​បីដូច​ប្រាសាទ​អង្គរ​ខ្មែរ ហេតុនេះ​យើង​កំពុង​ស្វែង​អ្នក​បច្ចេក​សិក្សា​ទៅ​ប្លង់​មេនេះ ដើម្បី​បាន​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន​។ លោក​បន្ថែម​ថា ប្រសិនបើ​យើង​សិក្សា​បាន​ច្បាស់លាស់​ហើយ​នោះ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ​នានា​ដែល​បាន​ចែង ក្នុង​ពេល​ដែល​មានការ​សាងសង់​យក​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ​។ លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា យើង​កំពុង​សិក្សា​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​ថា ភាគី​ថៃ​គេ​សាងសង់​យក​តាម​លំនាំ​ប្រាសាទខ្មែរ​យើង​ទាំងស្រុង ឬ​មាន​ប្លង់​បែបផែន​ផ្សេង​។ លោក​បញ្ជាក់​ថា ឥឡូវនេះ​ជា​ជំហាន​ដំបូង​គឺ​ដឹង​ព័ត៌មាន​ថា​ភាគី​ថៃ​គេ​សាងសង់​ជា​ពុទ្ធ​មណ្ឌល​។ យ៉ាងណា​បើ​តាម​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​ទាក់ទង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទៅ​កាន់​ភាគី​អ្នក​ចេញ​គំរូ​ប្លង់​មេ​របស់​ថៃ ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មុន​ឈាន​ដល់​ដំណោះស្រាយ និង​ចំណាត់ការ​ច្បាប់​ណាមួយ​៕

------------------------

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ទៅក្រុងទេពឆ្នាំ១៨៦០♥️🇰🇭 ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់ ដែលមានកំហឹងជាមួយពួកបំផ្លាញប្រាសាទខ្មែរចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្សពួកជាច្រើនទៀតដែលដឹកនាំការគាស់ថ្មប្រាសាទស្លាប់គ្មានសល់។ ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតំរិៈថាប្រាសាទធំៗទាំងឡាយដែលព្រះរាជាខ្មែរតាំងពីសម័យបុរាណបានកសាងទុកជាកិត្តិយសក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់មិនអាចដឹកជញ្ជូនមកបាងកកដោយងាយស្រួលដែរ។ព្រះអង្គក៏បោះបង់គំនិតយកប្រាសាទពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុនព្រះអង្គសោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជាឲ្យស្ថាបត្យកររបស់ព្រះអង្គមកគូរូបប្រាសាទអង្គរវត្តហើយទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ។ស្ថាបកររូបនេះចេញដំណើរពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកកវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។ ប្រាសាទអង្គរវត្តចម្លងត្រូវបានសង់រួចរាល់នៅក្នុងរជ្ជកាលព្រះចៅចុល្លាឡុងកន រាមាទី៥ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២។ សូមកូនខ្មែរចងចាំទុកច្រើនទសវត្សរ៍មកហើយ គេនៅតែចិញ្ចឹមចិត្ត ចង់បានប្រាសាទអង្គរវត្តមិនដែលលុះមួយពេលឡើយចូរកូនខ្មែរពួតដៃគ្នាសាមគ្គីគ្នា ថែរក្សាការពារគាំពារនូវវប្បធម៌សិល្បៈខ្មែរឲ្យបានគង់វង្សនិងយូរអង្វែងតទៅ៕ ឯកសារពិគ្រោះ - ណាខនវាត់ ថាត់សណៈខ្មេន ( អង្គរវត្តក្នុងទស្សនៈខ្មែរ) និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០ - Thailand- Cambodia: A love – hate relationship by Charn vit Kasetsiri - Thailand history from the fall of Ayuthaya in 1767 to recent time by B.J Terwiel . River Book - អត្តបទដោយ លោកពូ Nao sok អត្ថបទចម្លងពីទំព័រ: វប្បធម៌​ខ្មែរ Khmer Culture _______________________________ បច្ចុប្បន្នភាព: ( ប្រភព :thmeythmey.com) ភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាថៃពិតជាមានគម្រោងសង់ប្រាសាទ ដោយយកគំរូតាមប្រាសាទខ្មែរ ដោយរង់ចាំការស្រាវជ្រាវជាក់លាក់សិន។ ប៉ុន្តែបើមានករណីដូច្នោះមែន កម្ពុជានឹងដោះស្រាយតាមនិតិវិធី។   លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងកំពុងសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជាក់លាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាថៃសាងសង់ប្រាសាទ ដោយចម្លងតាមប្រាសាទអង្គរវត្តខ្មែរ។    លោក ឡុង ប៉ុណ្ណាសិរីវត្ថ ពន្យល់៖«យើងមិនទាន់អាចកំណត់ថានឹងស្រាវជ្រាវរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ទៀតនោះទេ ។ យើងបានទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅថៃ កុងស៊ុលប្រចាំនៅស្រះកែវដើម្បីសិក្សាផ្ទាល់ ហើយអាជ្ញាធរអប្សរា កំពុងទាក់ទងតាមអេឡិចត្រូនិក ទៅខាងភាគីដែលសាងសង់ ថាគេសាងសង់របៀបម៉េច ហើយឱ្យគេផ្ដល់គម្រោងសាងសង់មកយើងឱ្យបានជាក់លាក់។ បើបានព័ត៌មានយ៉ាងណា យើងនឹងបញ្ជាក់ជូនតាមក្រោយទៀត»។   ប៉ុន្តែអ្វីដែលលោក ប៉ុណ្ណាសិរីវត្ថ ទទួលបានព័ត៌មានបណ្ដោះអាសន្ននោះ គឺថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ នោះ ជាពុទ្ធមណ្ឌល ដោយសាងសង់តួប្រាសាទស្រដៀងនឹងអង្គរវត្តខ្មែរ។ លោក ប៉ុណ្ណាសិរីវត្ថ បានសង្កត់ធ្ងន់ថា ប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែន នោះកម្ពុជានឹងដោះស្រាយតាមវិធីសាស្ត្រ ដូចដែលបានធ្វើកន្លងមក។    «យើងអាចទំនាក់ទំនងតាមក្រសួងការបរទេស ដោយជូនលិខិតផ្លូវការទៅរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីដោះស្រាយបញ្ហា ដូចកន្លងមកដែលយើងធ្លាប់ជួបប្រទះ។ ទោះជាយ៉ាងណាយើងត្រូវដឹងព័ត៌មានជាក់លាក់ មុននឹងយើងចាត់វិធានការការទូតឬយ៉ាងណាមួយ»។ នេះបើតាមអ្នកនាំពាក្យក្រសួងវប្បធម៌៕

Post a Comment

0 Comments