(ភ្នំពេញ)៖ ខ្សែបម្រើស្នូលរបស់ក្លិបបាល់ទាត់វិសាខា កីឡាករ Mustafa Zazai ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន ប្រកាសកៅហោះចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ និងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នាពេលខាងមុខ។
ទន្ទឹមជាមួយការទទួលបានដំណឹងល្អនៃការកោះហៅចូលជម្រើសជាតិនេះ Zazai អាចនឹងត្រូវធ្វើការងារធ្ងន់ ពិសេសការធ្វើដំណើរឆ្លងដែន អំឡុងពេលវិបត្តិកូវីដ-១៩ ដ្បិតរូបគេកំពុងមានបេសកកម្មជាប់ខ្លួន គឺត្រៀមជួយវិសាខាក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Cup 2021 ជាមួយក្រុមទីម័រខាងកើត Lalenok United នាថ្ងៃទី១៩ ខែឧសភាខាងមុខ ដើម្បីប្រជែងកៅអីពូល I នៃវគ្គចែកពូលពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ។
ចំណែកបេសកកម្មក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីការប្រមូលផ្ដុំ ពួកគេនឹងចម្រាញ់កីឡាករ ២៦នាក់ចុងក្រោយ ក្នុងចំណោមបញ្ជីឈ្មោះកីឡាករបឋម ៣០នាក់ដែលដឹកនាំដោយគ្រូបង្វឹក Anoush Dastgir ដើម្បីទៅបោះជំរំហ្វឹកហាត់នៅអារ៉ាប់រួម និងត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី២៥-ឧសភា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៩-ឧសភា។
បន្ទាប់មកអាហ្វហ្គានីស្ថាន នឹងធ្វើដំណើរទៅប្រទេសកាតាតែម្ដង ដើម្បីបញ្ចប់ការប្រកួតសេសសល់ក្នុងពូល E នៃវគ្គជម្រុះ FIFA World Cup 2022 ដែលមានគូប្រជែង ៤ក្រុមផ្សេងទៀតរួមមានក្រុមម្ចាស់ផ្ទះកាតា អូម៉ង់ ឥណ្ឌា និងក្រុមជម្រើសជាតិបង់ក្លាដេស។ តែយ៉ាងណា Zazai នៅមិនទាន់ច្បាស់ បានចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនេះ ឬអត់នៅឡើយទេ ព្រោះត្រូវឆ្លងកាត់ការជម្រុះរបស់គ្រូបង្វឹកជាមុនសិន។
គួរដឹងថា Mustafa Zazai គឺជាកីឡាករបរទេសម្នាក់គត់ ក្នុងចំណោមកីឡាករបរទេសជាង ៥០នាក់កំពុងប្រកបអាជីពក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដែលត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួន ធ្វើការកោះហៅ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិ ពិសេសត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 តែម្ដង៕
ចម្លងទាំងស្រុងពី: FreshNews
0 Comments