បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត គឺបច្ចេកវិទ្យាទាំងឡាយណាដែលអាចប្រើម៉ាស៊ីនឱ្យធ្វើកិច្ចការរបស់មនុស្ស និងជំនួសមនុស្សបាន បើទោះបីការងារនោះ ស្មុគស្មាញ ត្រូវការប្រើខួរក្បាល ប្រើបញ្ញាទើបអាចធ្វើបានក៏ដោយ។ ជាបច្ចេកវិទ្យាដែលប្រើកុំព្យូទ័រឱ្យរៀន ឱ្យជាធ្វើជាស្វ័យប្រវត្តិ Machine Learning។ នៅពាក់កណ្តាលសតវត្សរ៍ទី២០ គណិតវិទូអង់គ្លេស លោក Alan Turing បានសាកល្បង ធ្វើឱ្យម៉ាស៊ីនអាចសរសេរឆ្លើយឆ្លងជាមួយមនុស្ស ដែលត្រូវបានគេចាត់ទុកថាជាកំណើតដំបូងនៃបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត។
នៅឆ្នាំ២០២១ កុំព្យូទ័រកាន់តែមានសមត្ថភាពខ្ពស់ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ក៏កាន់តែរីកចម្រើនខ្លាំង ក្នុងជាច្រើនវិស័យ ៖ រថយន្តអាចបើកជាស្វ័យប្រវត្តិដោយគ្មានមនុស្សបញ្ជា ឃើញមុខស្គាល់អត្តសញ្ញាណ ម៉ាស៊ីនវិភាគជំងឺ វិភាគសញ្ញារោគ ឬក្នុងវិស័យកិសកម្ម ឧស្សាហកម្មជាច្រើនទៀត ...
អឺរ៉ុបនិងច្បាប់បញ្ញាសប្បនិម្មិត
បញ្ញាសប្បនិម្មិត នាំមនុស្សឆ្ពោះទៅរកពិភពលោកថ្មី និងមានសមត្ថភាពគ្មានព្រំដែន។ ប៉ុន្តែក្តីព្រួយបារម្ភក៏មានខ្លាំង ព្រោះបើគ្មានការត្រួតពិនិត្យនិងគ្រប់គ្រងដោយត្រឹមត្រូវទេ បញ្ញាសប្បនិម្មិតអាចក្លាយទៅជាឧបករណ៍សម្រាប់តាមដាននិងបំផ្លាញមនុស្សលោកទៅវិញ ដូចជាប្រែក្លាយដ្រូនស៊ីវិលឱ្យមានបញ្ញាសប្បនិម្មិតផ្នែកយោធាបាន។
បដិវត្តឧស្សាហកម្មបញ្ញាសប្បនិម្មិត អាចធ្វើមានការរើសអើង ពណ៌សម្បុរ ពូជសាសន៍ ឬធ្វើឱ្យបាត់បង់ការងារតូចតាចដដែលៗមួយចំនួនដូចជាអ្នកគិតលុយ ឬកិច្ចការខ្លះរបស់មេធាវី របស់ពេទ្យ ចំនួនរាប់លានការងារ (១៤% បើការព្យាករណ៍របស់អង្គការOCDEនៅឆ្នាំ២០១៦ តែអាចត្រូវការកម្លាំងពលកម្មក្នុងវិស័យបញ្ញាសប្បនិម្មិតដល់ទៅ ២១ទៅ៣៣%នៅឆ្នាំ២០៣០។
ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុបយល់ថាត្រូវតែមានច្បាប់គ្រប់គ្រងវិស័យបញ្ញាសប្បនិម្មិត។ អឺរ៉ុបចាញ់ប្រៀបគេផ្នែកព័ត៌មានវិទ្យាទូទៅ ដោយ គ្មានក្រុមហ៊ុនគ្រាក់ៗជាជើងឯកផ្នែកបញ្ញាសប្បនិម្មិត ដូចមហាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក (Google Apple Microsoft IBM Facebook Amazone) និងពហុក្រុមហ៊ុនចិន Baidu Alibaba Tencent Xiaomi មែន តែអឺរ៉ុបទាន់ចាញ់ទេ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ក្នុងវិស័យដឹកជញ្ជូន កសិកម្ម ឬវេជ្ជសាស្ត្រនោះ។
ហាមមិនឱ្យតាមដានប្រជាពលរដ្ឋជាទូទៅ
ជាមួយនឹងការផ្តល់អាទិភាពដល់វិស័យព័ត៌មានវិទ្យា សហភាពអឺរ៉ុបបានរៀបគម្រោងវិធានការដែលផ្តល់តម្លៃដល់មនុស្សជាធំ និងផ្តល់ប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ច។ អឺរ៉ុបយល់ថា អភិវឌ្ឍបញ្ញាសប្បនិម្មិតនិងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតត្រូវតែធ្វើឡើងដោយមិនប៉ះពាល់ដល់ក្តីព្រួយបារម្ភរបស់ពលរដ្ឋអឺរ៉ុប។
បើតាមតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មានបារាំងទទួលបាន វិធានការអឺរ៉ុបគ្រោងនឹងហាមឃាត់ការប្រើប្រាស់ខ្លះដែលគំរាមដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងជីវិតឯកជន ពោលគឺការពារទិន្នន័យ និងហាមមិនឱ្យប្រើប្រព័ន្ធតាមដានប្រជាពលរដ្ឋទូទៅ ប្រព័ន្ធបង្វិលពង្វក់ឥរិយាបថ មតិយោបល់ ឬការសម្រេចចិត្តរបស់មនុស្ស។ ការតាមដានដឹងថាពលរដ្ឋណាកំពុងឆ្លងថ្នល់ ដាក់ពិន្ទុពលរដ្ឋ ដូចនៅចិន ត្រូវបានហាមឃាត់ទាំងអស់។
គ្រប់វត្ថុ ឬកម្មវិធីដែលមានហានិភ័យខ្ពស់ ឧទាហរណ៍ល្បែងលេងភ្ជាប់បញ្ញាសប្បនិម្មិត ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បង ស្របតាមស្តង់ដារបទដ្ឋានអឺរ៉ុប មុននឹងអាចចូលមកធ្វើចរាចរណ៍លើទីផ្សារអឺរ៉ុបបាន។
គណៈកម្មការអឺរ៉ុប បែងចែងរវាងបម្រើបម្រាស់ចាំបាច់ និងហានិភ័យខ្ពស់។ គ្រប់សេចក្តីសម្រេចចិត្តមិនថាក្នុងវិស័យច្បាប់ ឬវះកាត់ដោយរ៉ូបូទេ ត្រូវឱ្យមនុស្សជាអ្នកសម្រេច និង ត្រូវឱ្យតាមដានដើម្បីកុំម៉ាស៊ីនធ្វើការក្នុងន័យរើសអើងពណ៌សម្បុរ។ បច្ចេកវិទ្យាសម្គាល់អត្តសញ្ញាណមនុស្សដោយថតមុខ ត្រូវប្រើដោយមានកំរិត សម្រាប់ដោះទូរស័ព្ទ ឬឆ្លងកាត់រនាំងគយបាន តែមិនអាចយកមកប្រើសម្រាប់រកអត្តសញ្ញាណមនុស្សដោយមិនដឹងខ្លួននៅតាមទីសាធារណៈទេ លើកលែងតែក្នុងករណីបាត់កូន ឬជនសង្ស័យភេរវកម្ម និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៕
ចម្លងពី: www.rfi.fr/km
0 Comments