ស្ពៃ(ក្រញ៉ាញ់)ជាប្រភេទបន្លែមួយដែលធ្លាប់តែមានទីផ្សារ មិនតែប៉ុណ្ណោះស្ពៃមួយនេះក៏ធ្លាប់បាននាំចេញទៅប្រទេសជិតខាងនិងធ្លាប់បានយកមកបោះដុំនៅផ្សារធំៗក្នុងរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មកគឺធ្វើឱ្យការនាំចេញស្ពៃកាន់តែពិបាកនាំចេញ ដែលធ្វើឱ្យប្រជាជនដែលជាអ្នកដាំស្ពៃសល់គរចោលរាប់តោម។
នៅក្នុងនោះក៏មានកសិករនៅខេត្តកំពង់ចាមមួយរូប គឺអ្នកនាងយន់ ណារី ដែលជាអ្នកដាំស្ពៃ(ក្រញ៉ាញ់) បានប្រាប់ Business Cambodia ថា ពេលនេះដល់រដូវប្រមូលផលហើយ ប៉ុន្តែលក់មិនចេញនោះទេ ដែលធ្វើឱ្យកសិករជាច្រើនបានខាតបង់គ្រប់ៗគ្នាដោយកសិករខ្លះបានផលហើយក៏ទុកចោល អ្នកខ្លះទៀតក៏អាចលក់ចេញបានបន្តិចបន្តួចតែលក់ក្នុងតម្លៃទាបនោះទេ។
អ្នកនាងបានបន្តទៀតថា ពេលដល់រដូវប្រមូលផលម្តងៗ ឈ្មួញកណ្តាលតែងតែមកទិញដើម្បីយកទៅបោះដុំនៅផ្សារធំៗក្នុងរាជធានីភ្នំពេញ តែពេលនេះមិនមានឈ្មួញទិញទៀតនោះទេ ព្រោះតែមិនអាចឡើងចុះភ្នំពេញបានដូចមុនដោយសារតែបញ្ហាកូវីដ១៩ហើយម្យ៉ាងវិញទៀតផ្សារមួយចំនួនក៏ត្រូវបានបិទផងដែរ។
កសិកររូបនេះបានបន្ថែមទៀតថា ពេលនេះមានជាង ១០០ គ្រួសារហើយ ដែលប្រមូលផលស្ពៃ(ក្រញ៉ាញ់)ហើយទុកចោលជាង ៦តោន លក់មិនចេញ ដូច្នេះអ្នកនាងសូមឱ្យបងប្អូនទាំងអស់ជួយទិញផង ដោយស្ពៃរបស់អ្នកនាងលក់ក្នុងតម្លៃទាបនោះទេ ពោលស្ពៃ(ក្រញ៉ាញ់) ១០គីឡូ ២ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកនាងបានបញ្ជាក់ទៀតថា ក្នុងនាមអ្នកនាងតំណាងឱ្យកសិករទាំងអស់មិនទាមទារអ្វីច្រើនទេ គឺគ្រាន់តែថាសុំឲ្យមានទីផ្សារលក់ចេញវិញ ហេីយបានក្នុងតម្លៃសមរម្យ និង មានទីផ្សារ ហេីយក៏អាចមានឈ្មួញអាចមកទិញបន្លែរបស់គាត់ដល់ទីតាំង ឬអាចមានវិធានការណាមួយដល់ការដឹកជញ្ជូនទំនិញរបស់គាត់ទៅកាន់ទីផ្សារបាន៕
0 Comments