ឧកញ៉ាចៅហ៊្វា ជួន កើតនៅថ្ងៃ ១៩ ខែមេសា ឆ្នាំ១៨៦៤ នៅខេត្តកំពង់ឆ្នាំង។ គាត់មានអាជីព ជាមន្រ្តីផ្នែករដ្ឋបាល និង នយោបាយ ក្នុងជំនាន់អាណាព្យាបាល។ នៅឆ្នាំ ១៨៨៥ គាត់បានត្រូវ លោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) នាំទៅរៀននៅប្រទេសបារាំង ។ ពេលត្រឡប់ចូលកម្ពុជាវិញ គាត់បានត្រូវតែងតាំងជា អ្នកបកប្រែភាសា។ នៅថ្ងៃ ១ កុម្ភៈ ១៨៨៨ គាត់ធ្វើការជាប់ជាមួយ លោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។ នៅថ្ងៃទី២៤ ខែមីនា ដល់ ៦ ខែកក្កដា ឆ្នាំ១៨៩៤ គាត់បានធ្វើដំណើរពីបាងកក ទៅលាវ ប៉ែកខាងកើត និងខាងលិច ជាមួយលោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។
នៅក្នុងឆ្នាំ ១៩០០ លោកប៊ូឡូស ( BOULLOCHE ) ជារ៉េស៊ីដង់ស៊ុប៉េរីយ័រ (អគ្គទេសាភិបាលជាន់ខ្ពស់) បានចាត់គាត់ឲ្យទៅធ្វើការជាមួយមហាក្សត្រ នរោត្តម ហើយព្រះមហាក្សត្រ បានតែងតាំងគាត់ជា រដ្ឋមន្រ្តីព្រះបរមរាជវាំង ហិរញ្ញវត្ថុ និង វិចិត្រសិល្បៈ ដែលកាលសម័យនោះហៅថា ឧកញ៉ា ចៅហ៊្វា ។ នៅឆ្នាំ ១៩០៦ គាត់បានដង្ហែ មហាក្សត្រស៊ីសុវត្ថិ យាងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេបារាំង។ ឧកញ៉ាចៅហ្វ៊ា ជួន បានបម្រើការងារក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបីជំនាន់ គឺតាំងពីរជ្ជកាលព្រះមហាក្សត្រ ព្រះបាទនរោត្តម , ព្រះបាទស៊ីសុវត្ថិ និងព្រះបាទមុនីវង្ស។ ឧកញ៉ាចៅហ្វ៊ា ជួន បានទទួលអនិច្ចកម្ម នៅខែកញ្ញា ១៩៤៦ ក្នុងជន្មាយុ ៨២ឆ្នាំ។
អ្នកម្នាងប៉ុក វ៉ាណេ ហៅរូហ្សេត ប៉ុក ជាកូនស្រីរបស់លោកជួន ហ៊ែល ហើយលោកជួន ហ៊ែល នេះ ជាកូនប្រុសរបស់ឧកញ៉ាចៅហ៊្វា វាំងជួន និងជាបងប្អូនរបស់លោកជួន ហ៊ុល ជាឪពុកបង្កើតរបស់កញ្ញាជួន ជឿម ។ កញ្ញាជួន ជឿម ត្រូវបានអគ្គទេសាភិបាលជាន់ខ្ពស់បារាំង មានបំណងចង់ឲ្យព្រះមហាក្សត្រសីហនុ យកធ្វើជាអគ្គមហេសីរបស់ព្រះមហាក្សត្រនរោត្តម ព្រះអង្គមិនសព្វព្រះទ័យ។ តែក្រោយមក កញ្ញា ជួន ជឿម បានរៀបការជាមួយ លោក ឈាន វ៉ម ជានាយករដ្ឋមន្ត្រី។
ព្រះមហាក្សត្រសីហនុ ឈ្វេងយល់ថា ដោយសារព្រះអង្គមិនសព្វព្រះទ័យយកកញ្ញាជួន ជឿម ធ្វើជាអគ្គមហេសីនេះហើយ ទើបក្រោយមកមានក្មួយប្រុសអ្នកម្នាងប៉ុក វ៉ាណេ ឬ រ៉ូហ្សេត ប៉ុក ម្នាក់ ឈ្មោះប៉ុក ឌឺកុមារ ជាអ្នកការទូតដ៏ល្អម្នាក់ក្នុងសម័យសង្គមរាស្ត្រនិយម ដែលព្រះអង្គជាអ្នកដឹកនាំ បានរត់ចូលព្រៃទៅតស៊ូជាមួយពួកខ្មែរក្រហម ដើម្បីប្រឆាំងនឹងព្រះអង្គ ហើយប្អូនប្រុសៗរបស់កញ្ញាជួន ជឿម ៣នាក់ទៀត គឺជួន ជឿន ជួន មុំ និងជួនប្រសិទ្ធិ ក៏បានចូលរួមជាមួយពួកមេដឹកនាំខ្មែរក្រហម ដើម្បីផ្តួលរំលំព្រះអង្គ ដែរ៕
ចម្លងពី: KBN.NEWS
0 Comments